ក្រុមហ៊ុនមីជាតិ ឧបត្ថម្ភសម្ភារបរិក្ខារ ដល់មណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ក្រុមហ៊ុនមីជាតិ បានឧបត្ថម្ភទាំងស្រុង ដល់ការបំពាក់សម្ភារបរិក្ខារប្រើប្រាស់ជាច្រើនមុខក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការពិនិត្យសំណាក ឱ្យបានឆាប់រហ័ស ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺជាសកល កូវីដ១៩។
ពិធីប្រគល់-ទទួលសម្ភារ មណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
ដោយឃើញពីតម្រូវការចាំបាច់ គួបផ្សំជាមួយការដាក់ឲ្យដំណើរការ មន្ទីរពិសោធន៍តេស្តម៉ាស៊ីន PCR នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុនមីជាតិ ក្នុងនាមវិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ការបំពាក់បរិក្ខារបម្រើឲ្យប្រតិបត្តិការ នៃមណ្ឌលយកសំណាកកូវី១៩ ដែលស្របតាមស្តង់ដាប្រតិបត្តិ នៃក្រសួងសុខាភិបាល ។
លោកជំទាវ អ្នកឧកញ្ញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា “ការបំពាក់សម្ភារបរិក្ខារ ក្នុងមណ្ឌលយកសំណាកកូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នេះត្រូវធ្វើឡើងដើម្បីគាំទ្រដល់ការផ្តល់សេវាពិនិត្យយកសំណាកជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័សប្រកបដោយសុវត្ថិភាព និងមានផាសុកភាព” ។ លោកជំទាវ បានបន្តថាការឧបត្ថម្ភគាំទ្រនេះត្រូវបានរៀបចំឡើង ក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” ដែលជាកម្មវិធីបង្កើតឡើង ដើម្បីគាំទ្រដល់សកម្មភាពនានាក្នុងការឆ្លើយតបបន្ទាន់ នឹងការរីករាលដាល នៃវីរ៉ុសកូវីដ ១៩ ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា “ការឧបត្ថម្ភសម្ភារបរិក្ខារ ក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឍមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃនេះគឺជាកាយវិការដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនមីជាតិ ក្នុងការឆ្លើយតបបន្ទាន់ នឹងតម្រូវការខ្វះខាត និងចាំបាច់របស់មជ្ឈមណ្ឌល ដែលនេះស្តែងចេញពីការយកចិត្តទុកដាក់ ក្នុងចូលរួមក្នុងការងារសង្គម ជាពិសេសគាំទ្រដល់យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។
សម្ភារបរិក្ខារ ដែលត្រូវបានបំពាក់ជូនមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រួមមានគ្រឿងសង្ហារិម បន្ទប់ទឹកចល័ត របាំងការពារ ស្លាកសញ្ញា បដាផ្សេងៗ និងឯកសណ្ឋាន ដែលស្របតាមស្តង់ដាប្រតិបត្តិនៃក្រសួងសុខាភិបាល ដោយប្រើប្រាស់ថវិកា នៃគម្រោង “ខ្មែរដើម្បីខ្មែរ” របស់មីជាតិ។ រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់មីជាតិ អាចកើតឡើងក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មុនដំបូងគេដែលផលិតដោយជនជាតិខ្មែរ និងមានរសជាតិខ្មែរ។
គូសបញ្ជាក់ផងដែលចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មីជាតិ បានរៀបចំនូវយុទ្ធនាការជាច្រើនរួមមានការចែកស្បៀងអាហារ ម៉ាសអាកុល ជូនកងកម្លាំងបិទខ្ទប់ សិស្សនិស្សិតក្រីក្រ អ្នករត់រ៉ឺម៉ក ក្នុងរាជធានីភ្នំពេញ និង វីរជនអាវស នៅតាមមន្ទីរសុខាភិបាល នាបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។ មីជាតិ បានតាំងចិត្តក្នុងការបន្តចូលរួមគាំទ្រ និងឧបត្ថម្ភយ៉ាងពេញទំហឹងនូវសកម្មភាពនានា ក្នុងបុព្វហេតុជួយដល់សង្គមកម្ពុជា។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ៕