កម្មវិធីយុទ្ធនាការផ្សព្វផ្សាយផលិតផល “មីជាតិ”
យុទ្ធនាការផ្សព្វផ្សាយផលិតផល “មីជាតិ” បានកំពុងផ្សព្វផ្សាយជាច្រើនតាមរយៈស្តង់តាំងបង្ហាញនៅតាមទីសាធារណៈ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម កាសែត វិទ្យុ ទូរទស្សន៍ អ៊ីនធឺណេត និងបណ្តាញសង្គមជាច្រើនទៀត ដែលមានរូបភាពជាការភ្លក្សឬលក់ ខ្លះជាអត្ថបទព័ត៌មាន ខ្លះជារូបភាពតាំងបង្ហាញ និងខ្លះជាវីដេអូផ្សព្វផ្សាយ។ នាពេលបច្ចុប្បន្ន សន្ទុះនៃការគាំទ្រចំពោះផលិតផលមីជាតិកាន់តែកើតឡើងជាបន្តបន្ទាប់។
ដើម្បីជំរុញទៅដល់ការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីផលិតផលដ៏ថ្មី និងមានគុណភាពមួយនេះឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិត“មីជាតិ” បានរៀបចំកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីមួយទៀត ដើម្បីឲ្យប្រជាជនបានស្គាល់ និងមានឱកាសភ្លក្សដោយផ្ទាល់នូវផលិតផលដែលមានគុណភាពរសជាតិបែបខ្មែរមួយនេះ។
យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមប្រកាសនៅក្នុងបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧.៣០នាទី ដែលមានលោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ជាគណៈអធិបតី និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុន ក្រុមការងារ និងប្រជាជនទូទៅជាច្រើននាក់។
នៅក្នុងកម្មវិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយថ្មីនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD. ដែលជាក្រុមហ៊ុនផលិតមីជាតិបានមានប្រសាសន៍ថា “មីជាតិជាសម្មិទិផលថ្មី ដែលប្រជាជនភាគច្រើន អាចនឹងមិនទាន់បានស្គាល់នៅលើទីផ្សារកម្ពុជានៅឡើយ។ នេះជាបញ្ហាចម្បងមួយដែលក្រុមហ៊ុន បានព្យាករណ៍រួចមកហើយ និងបានបង្កើតនូវកម្មវិធីជាច្រើនដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរអំពីផលិតផលមីជាតិនេះ។”
លោកជំទាវនាយិកាក្រុមហ៊ុនបានបន្តទៀតថា “យុទ្ធនាការផ្សព្វផ្សាយមីជាតិនៅថ្ងៃនេះ ជាកម្មវិធីមួយដែលយើងរំពឹងទុកថា នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសនៅក្នុងរាជធានីភ្នំពេញបានស្គាល់ និងភ្លក្សនូវរសជាតិនៃស្នាដៃខ្មែរមួយនេះ។”
យុទ្ធនាការថ្មីនេះ ត្រូវធ្វើឡើងតាមរយៈការជិះកង់ និងតុកតុកដើម្បីចែកចាយមីជាតិដោយឥតគិតថ្លៃនៅតាមផ្សារ សាលារៀន និងទីសាធារណៈឬទីប្រជុំជនដែលមានទីធ្លាទូលាយនៅតាមបណ្តោយដងផ្លូវធំៗទូទាំងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុនបានរៀបចំមីជាតិជាច្រើនកេស កង់ចំនួន៦០ និងតុកតុកចំនួន៣០ ដែលចែកចេញជា៦ក្រុម និងមានបិតស្លាកសញ្ញាមីជាតិជាសម្គាស់ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់ពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ទៅតាមកាលវិភាគកំណត់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក រោងចក្រផលិតផលមួយនេះ ក៏បានធ្វើការសម្ភាធក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន ដែលបានប្រព្រឹត្តទៅនៅក្នុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោមពាក្យស្លោកថា “មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ” មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ព្រមទាំងវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងស្រុកនិងបរទេស គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។
ជាចុងក្រោយ លោកជំទាវនាយិកាក្រុមហ៊ុន សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រ ផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕