ខ្លឹមសារផ្សព្វផ្សាយនៃព្រឹត្តិការណ៍ “ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!”
“ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!” ជាសារមួយប្រើដើម្បីជាចម្ងល់ និងទាក់ទាញសាធារណជនឲ្យចាប់អារម្មណ៍នូវផលិតផលចំណីអាហារថ្មី ដែលជាស្នាដៃខ្មែរ ផលិតឡើងសម្រាប់ប្រជាជនខ្មែរ។ ផលិតផលនេះ គឺជាផលិតផលមីក្រោមស្លាកសញ្ញា“មីជាតិ” ដែលត្រូវបានផលិតដោយក្រុមហ៊ុន One More Manufacturing Co. Ltd ជាក្រុមហ៊ុនផលិត“មីជាតិ”ដ៏ធំ និងទំនើបក្នុងប្រទេសកម្ពុជា។ ផលិតផលនេះ ត្រូវបានផលិតឡើងជាចម្បងសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្រោមការប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន និងរួមជាមួយគ្រឿងផ្សំក្នុងស្រុក និងបរទេសដែលមានគុណភាពខ្ពស់ ដូចជាប្រទេសអូស្រ្តាលី សឹងហ្គាពួរ និងម៉ាឡេស៊ី។
ព្រឹត្តិការណ៍ទម្លាយអាថ៌កំបាំង “ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្សារទំនើបអ៊ីអន២ ជាន់ផ្ទាល់ដីពីវេលាម៉ោង ៦.០០ ល្ងាច ធ្វើឡើងដើម្បីស្រាយចម្ងល់ និងបង្ហាញជូនប្រជាជនគ្រប់មជ្ឈដ្ឋានឲ្យបានស្គាល់ច្បាស់ពីផលិតថ្មីមួយនេះ។ ជាពិសេសទៅទៀត ព្រឹត្តិការណ៍នេះ ក៏ធ្វើឡើងដើម្បីថ្លែងអំណរគុណទៅដល់សាធារណជន ចំពោះការចូលរួមទស្សន៍ទាយអំពីក្លិនផលិតផលក្នុងវីដេអូលើទំព័រហ្វេសបុករបស់ DJ ណាណា ពិធីករ ជា សុវណ្ណារិទ្ធិ និងតារាសម្តែង សុខ សុម៉ាវត្តីកាលពីពេលថ្មីៗនេះ។
តាមរយៈការចូលរួមឆ្លើយរបស់សាធារណជនទៅនឹងសំណួររបស់តារាទាំងបី គឺមានអ្នកចូលរួមឆ្លើយសំណួររហូតដល់ទៅប្រមាណ ២៩៧៥នាក់។ ក្នុងនោះ មានអ្នកឆ្លើយបានត្រឹមត្រូវ និងបំពេញតាមលក្ខខណ្ឌនៃការចូលរួមចំនួន ៨៩៦នាក់ ហើយឈ្មោះអ្នកទាំងនោះនឹងបញ្ចូលក្នុងការចាប់ឆ្នោតផ្សងសំណាងយកទូរស័ព្ទដៃ Iphone 11 Pro មួយគ្រឿង និងកាមេរ៉ា Palaroid ៥គ្រឿង។
ការចាប់ឆ្នោតផ្សងសំណាង ត្រូវបានធ្វើឡើងដោយ DJ ណាណា និងមានការផ្សាយផ្ទាល់លើទំព័រហ្វេសបុក របស់ DJ ណាណា។ សម្រាប់អ្នកឈ្នះរង្វាន់ ក្រុមការងារមីជាតិនឹងផ្សព្វផ្សាយលើទំព័រហ្វេសបុក “មីជាតិ” និងទាក់ទងដោយផ្ទាល់បន្ទាប់ពីការប្រកាសលទ្ធផល។ ក្រៅពីការចាប់រង្វាន់ដ៏ច្រើននេះ ក្នុងកម្មវិធី ក៏មានការកម្សាន្តជាច្រើន ដូចជា ការសម្តែងដោយក្រុមក្មេងខ្មែរ ការសម្តែងក្បាច់គុនល្បុក្កតោ និងការលេងហ្គេមសប្បាយៗជាច្រើនទៀតផងដែរ។
យុទ្ធនាការណ៍ “ក្លិនអីហ្មឹង! ទាក់ទាញម្ល៉េះ!” ជាការផ្សព្វផ្សាយមួយរបស់ក្រុមហ៊ុន One More Manufacturing Co. Ltd ដែលជាក្រុមហ៊ុនផលិតមីជាតិដ៏ធំ និងទំនើបក្នុងប្រទេសកម្ពុជា។ យុទ្ធនាការណ៍នេះ បានធ្វើការផ្សព្វផ្សាយចាប់ពីពាក់កណ្តាលខែតុលា តាមរយៈសិល្បករ ពិធីករ បុគ្គលមានប្រជាប្រិយភាព ការដាក់ស្លាកផ្សព្វផ្សាយនៅទីសាធារណៈ និងការតាំងបង្ហាញចានយក្សអាថ៌កំបាំងនៅតាមផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
គូសបញ្ចាក់ផងដែរថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក រោងចក្រផលិតផលមួយនេះ ក៏បានធ្វើការសម្ភាធក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន ដែលបានប្រព្រឹត្តទៅនៅក្នុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្រោមពាក្យស្លោកថា “មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ” មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។
ក្រុមហ៊ុន One More Manufacturing Co. Ltd ជាក្រុមហ៊ុនផលិត“មីជាតិ” សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ គ្មានអ្នកណា គាំទ្រផលិតផលខ្មែរក្រៅពីខ្មែរនោះទេ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕