ក្រុមហ៊ុនមីជាតិ និងវីតាល់រៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ
ភ្នំពេញ – ក្រុមហ៊ុនមីជាតិ និងវីតាល់ បានដឹកនាំបុគ្គលិក រៀបចំកម្មវិធីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដោយផ្ទាល់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជាបានព្យាបាលអ្នកជំងឺទាំង១២២នាក់ ឲ្យជាសះស្បើយ ហើយមិនមានករណីស្លាប់។
លោកតិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុនមីជាតិ និងវីតាល់ បានមានប្រសាសន៍ថា «ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងពេលវេលា និងកម្លាំងកាយ ចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រឈមដោយផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីព្យាយាមព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។ ស្មារតីមួយនេះ បង្ហាញពីការលះបង់ដ៏វិសេសវិសាល និងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។ បើគ្មានគ្រូពេទ្យដែលមានស្មារតីលះបង់បែបនេះទេ យើងមិនអាចទស្សន៍ទាយដឹងថា តើអាយុជីវិតរបស់អ្នក១២២នាក់ ក៏ដូចជាប្រជាជនទូទៅនឹងទៅជាយ៉ាងណានោះទេ។»
ដើម្បីថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនមីជាតិ និងវីតាល់ បានពាំនាំយកនូវសម្ភារៈមួយចំនួនដូចជា៖ ផ្ទាំងគំនូរថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដោយមានស្នាមមេដៃបុគ្គលិករបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការថ្លែងអំណរគុណ បណ្ណបរិភោគអាហារជុំគ្នាសម្រាប់ក្រុមគ្រូពេទ្យជួរមុខនៅក្នុងភោជនីយដ្ឋានវ័នម៉រ បាច់ផ្កា ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ក្នុងមន្ទីរពេទ្រផងដែរ។
លោកសាស្រ្តាចារ្យ ងី ម៉េង នាយកគ្រប់គ្រងទូទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងក្រុមគ្រូពេទ្យជួរមុខទាំងអស់ថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនមីជាតិ និងវីតាល់ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះអ្វីដែលបុគ្គលិកវីតាល់និងមីជាតិបានធ្វើឡើងនាពេលនេះ ព្រោះថាសកម្មភាពនេះគឺជាសកម្មភាពដែលមានអត្ថន័យជ្រាលជ្រៅមិនអាចកាត់ថ្លៃបានសំរាប់ការកោតសរសើរ ការលើកទឹកចិត្ត និងការយល់ពីការលំបាករបស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់របស់យើង។ បន្ថែមពីនេះទៀត លោកសាស្រ្តាចារ្យនាយក ងី ម៉េង បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបន្តរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃរលកទី២ នៃវីរុសកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំកម្មវីធីថ្លែងអំណរគុណនេះក្នុងមន្ទីពេទ្យដោយផ្ទាល់ វីតាល់ និងមីជាតិ ក៏បានផលិតវីដេអូ “អរគុណគ្រូពេទ្យ” ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជូរមុខ និងក្រសួងសុខាភិបាល ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ទាន់ពេលវេលា និងបានបង្ហោះវីដេអូនោះជាសាធារណៈ នៅថ្ងៃ ដែលអ្នកជំងឺកូវីដ-១៩ ចុងក្រោយបាន ជាសះស្បើយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖