វីរុសកូរ៉ូណា (កូវីដ១៩ / COVID-19)៖ អ្វីដែលអ្នកគួរស្វែងយល់
អ្នកណាៗក៏ចាប់អារម្មណ៍ អ្នកណាក៏និយាយនិងចង់ដឹងអំពីបញ្ហានេះ។ នេះ មិនមែនជាបញ្ហាបុគ្គល ហើយក៏មិនមែនជាបញ្ហារបស់ប្រទេសមួយ ឬពីរនោះទេ។ តែវាជាបញ្ហារបស់សកលលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន។ ក្នុងនោះ មានប្រទេសខ្លះបានធ្វើការបិទច្រកព្រំដែនចេញចូល ប្រទេសខ្លះបានដាក់នូវបំរាមគោលចរណ៍របស់ប្រជាជនខ្លួន និងប្រទេសខ្លះដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្ន។
នេះជាបញ្ហាចំបងរបស់ពិភពលោក ដែលបានកើតឡើងនៅដើមឆ្នាំ២០២០ ដោយការរាតត្បាតពីវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-១៩។ តើអ្វីទៅជាកូវីដ-១៩? វាគឺជាជម្ងឺឆ្លងរាតត្បាតថ្មីមួយតាមរយៈវីរុសកូរ៉ូណាប្រភេទថ្មីដែលទើបតែរកឃើញ។ វីរុសថ្មីនេះ មិនត្រូវបានគេស្គាល់នោះទេ មុនពេលផ្ទុះឡើងដំបូងក្នុងទីក្រុងវ៉ូហាន ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩។
គិតមកត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានប្រទេសនិងតំបន់ចំនួន១៩៧ និងនាវាអន្តរជាតិដឹកអ្នកដំណើរចំនួនមួយគ្រឿងបានរងការរាតត្បាតដោយកូវីដ-១៩នេះ។ ក្នុងនោះ ករណីឆ្លងមានចំនួន រហូតទៅដល់ ៤១៦.៦៨៦នាក់ និងចំនួនអ្នកស្លាប់កើនទៅដល់ ១៨.៥៨៩នាក់។ នេះបើយោងតាមគេហទំព័រនៃអង្គការសុខភាពពិភពលោក។
កូវីដ-១៩ មានប្រភពពីទីក្រុងវ៉ូហានប្រទេសចិនក្នុង ដែលត្រូវបានរាយការណ៍ទៅទីស្នាក់អង្គការសុខភាពពិភពលោកប្រទេសចិននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ហើយការរាតត្បាតនៃកូវីដ-១៩ ត្រូវបានប្រកាសជាបញ្ហាអាសន្នសុខភាពសាធារណៈអំពីការព្រួយបារម្ភជាសកលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
កូវីដ-១៩ អាចកើតឡើងលើមនុស្សទូទៅ ដែលវិវត្តន៍ពីរោគសញ្ញាមធ្យមរហូតដល់រោគសញ្ញាធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់។ វីរុសនេះ មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្តាសាយដូចជា ក្តៅខ្លួន ក្អកស្ងួត ឈឺបំពងក អស់កម្លាំង និងដង្ហើមខ្លី។ សម្រាប់អ្នកជម្ងឺមួយចំនួន ដូចជាមនុស្សចាស់ ឬជនមានជម្ងឺប្រចាំកាយ រោគសញ្ញាទាំងនោះ អាចបណ្តាលឲ្យវិវត្តន៍ទៅជាជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានអការៈណែនដើមទ្រូង ថប់ដង្ហើម ឈឺដើមទ្រូង និងដង្ហើមខ្លី។
វីរុសប្រភេទនេះ ឆ្លងតាមរយៈការទំនាក់ទំនងផ្ទាល់ ហើយតាមរយៈដំណក់ទឹកតូចៗចេញតាមផ្លូវដង្ហើមនៅពេលក្អក ឬកណ្តាស់។ ដំណក់ទឹកតូចៗនោះ អាចចេញពីការដកដង្ហើម ប៉ុន្តែមិនរសាត់អណ្តែតក្នុងបរិយាកាសបានឆ្ងាយនោះទេ។ វារសាត់អណ្តែតក្នុងចម្ងាយប្រមាណ១ម៉ែតប៉ុណ្ណោះ ហើយវាងាយស្រួលជាប់នៅលើវត្ថុផ្សេងៗ។ នេះជាហេតុផល ដែលវីរុសនេះងាយឆ្លងតាមរយៈការទំនាក់ទំនងជិតស្និត។
សម្រាប់ការទប់ស្កាត់ និងបង្ការចំពោះការឆ្លងវីរុសនេះ អង្គការសុខភាពពិភពលោកធ្វើការណែនាំដូចខាងក្រោម៖
១. ចៀសវាងការប៉ះពាល់ដោយផ្ទាល់ ឬជិតស្និតជាមួយមនុស្សជុំវិញ
២. សូមធ្វើការខ្ទប់មាត់ដោយប្រើក្រដាសឬក្រណាត់ត្រឹមត្រូវនៅពេលក្អក និងកណ្តាស រួចបោះក្រដាស និងក្រណាត់ចោលក្នុងធុងសំរាម
៣. ចៀងវាងយកដៃប៉ះពាល់ភ្នែក ច្រមុះ និងមាត់
៤. លាងសម្អាត និងកំចាត់មេរោគឲ្យបានញឹកញាប់លើវត្ថុ និងកន្លែងជុំវិញ
៥. សូមបន្តស្នាក់នៅក្នុងផ្ទះប្រសិនបើលោកអ្នកឈឺ លើកលែងតែការជួបពិគ្រោះជាមួយគ្រូពេទ្យ
៦. លាងដៃជាមួយសាប៊ូក្នុងរយៈពេលតិចបំផុត២០វិនាទី
“កូវីដ-១៩ អាចធ្វើឲ្យមនុស្សមួយចំនួនឈឺ និងមានអាការៈហ៊ារសំបោរបន្តិចបន្តួច។ អ្នកខ្លះ កាន់តែឈឺ ហើយមានការលំបាកដកដង្ហើម និងវិវត្តទៅជាការរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។ រីឯ អ្នកខ្លះទៀតកាន់តែឈឺខ្លាំង ហើយត្រូវការព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះក៏បាត់បង់ជីវិត។” នេះបើយោងតាមសម្តីរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោក។
“ប្រសិនបើលោកអ្នកមានអាការៈក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ហើយរាយការណ៍អំពីប្រវត្តិនៃការធ្វើដំណើរទៅកាន់អ្នកពិនិត្យសុខភាព។ ប្រសិនបើលោកអ្នកមានរោគសញ្ញាកម្រិតមធ្យម ហើយមិនមានប្រវត្តិធ្វើដំណើរជាក់លាក់ សូមធ្វើតាមវិធីទប់ស្កាត់ខាងលើ និងបន្តស្នាក់នៅក្នុងផ្ទះរហូតជាសះស្បើយ។” នេះបើយោងតាមសម្តីរបស់អ្នកជំនាញនៃអង្គរការសុខភាពពិភពលោក៕
ប្រភព៖ https://www.who.int/emergencies/diseases/novel-coronavirus-2019