ស្នៀតធាក់ត្រង់ ឬច្រត់ ឥសី

ពេល​និយាយ​ដល់​ការ​ហ្វឹកហាត់​គុនល្បុក្កតោ​ ឬយុទ្ធ​គុន​ផ្សេង​ៗ យើង​តែង​រមែង​នឹកគិត​ដល់​ការ​វាយលុក​ជា​លំហាត់​ចម្បង​បំផុត​ ហើយ​សម្រាប់​ការសិក្សា​អំពី​ការ​វាយលុក​ក្នុងថ្ងៃនេះ​ យើង​មក​មើល​ពី​ស្នៀត​មេ​គុន​ជើង​។

សិក្សាពីស្នៀតវាយលុកជាមួយមេគុណជើងនេះ

មេ​គុន​ជើង​ត្រូវ​បាន​បែងចែក​ចេញ​ជា​ពីរ​ទម្រង់​ធំៗ​នៃ​ស្នៀត​ គឺ​ «ទាត់​» និង​ «ធាក់​» ដូចដែល​អ្នក​បានឃើញ​នៅក្នុង​រូបភាព​នេះ​ផង​ដែរ​ កីឡាករ​របស់​យើង​ចង់​បង្ហាញ​អំពី​ទម្រង់​នៃ​ស្នៀត​ធាក់​ដ៏​សាមញ្ញ​ និង​ចំណាស់​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ «ស្នៀត​ធាក់​ត្រង់​» ឬចាស់​ៗតែង​ហៅថា​ «ច្រត់​ឥសី​»។

មិន​ត្រឹមតែ​មានឈ្មោះ​ពិរោះ​គួ​ឲ្យ​ចង់​ហៅ​នោះ​ទេ​ ស្នៀត​ធាក់​ត្រង់​មាន​លក្ខណ:សាមញ្ញ​ ងាយស្រួល​ក្នុង​ការអនុវត្ត​ក្នុង​ពេល​ប្រកួត​ ក៏ប៉ុន្តែ​ជា​ស្នៀតវាយ​លុក​មួយ​ដែល​មានប្រសិទ្ធភាព​ និង​សាហាវ​បំផុត​ក្នុងចំណោម​មេ​គុន​ជើង​។

របៀប​វាយលុក​មេ​គុន​ជើង​ជាមួយ​ស្នៀត​ធាក់​នេះ​ ចាប់ផ្តើម​ពី​ការស្វែងរក​ទីតាំង​ដែល​ពុំ​ត្រូវ​បានការ​ពារ​តឹង​រឹង​ពី​ដៃគូ​ប្រកួត​ រួចហើយ​ធាក់​ចូល​។ សម្រាប់​ការ​ធាក់​ យើង​អាច​ធាក់​ជាមួយ​កែងជើង​ ឬប្រអប់ជើង​ដូច​នៅក្នុង​រូបភាព​នេះ​ (គ្រប់គ្នា​និយម​ប្រើ​ប្រអប់ជើង​ ក៏ដោយសារតែ​វា​អនុវត្ត​បាន​រហ័ស​ និង​វាយលុក​បាន​ខ្លាំង​ជាង​!)។

ទីតាំង​សម្រាប់​ការ​ធាក់​នេះ​ អាច​ធាក់​បាន​ទាប​បំផុត​ត្រឹម​ខាងក្រោម​ខ្សែរ​ក្រវាត់​ ឈឺ​បំផុត​ត្រឹម​ចុងដង្ហើម​ និង​ខ្ពស់​បំផុត​ចំ​កណ្តាល​ផ្ទៃមុខ​។

ប្រភព៖

  • ការផ្តល់បទសម្ភាសន៍ផ្ទាល់ពីកញ្ញាសំ ថារ័ត្ន (កីឡាការិនីល្បុក្កតោរបស់កម្ពុជា)
  • សៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន