ស្នៀតរង បិទជង្គង់ រងជំហខ្ពស់
“គេថាបើរៀនវាយ ឲ្យរៀនរង” – ស្នៀតរង ក្នុងក្បាច់គុនល្បុក្កតោ គឺជាសកម្មភាពបិទ រារាំង និងបញ្ឈប់ការវាយចូលរបស់ដៃគូក្នុងពេលប្រកួត។ “រង” ជាចំណុចដ៏សំខាន់មួយក្នុងចំណោមចំនុចធំៗ ដែលអ្នកសិក្សា និងហ្វឹកហាត់គុនល្បុក្កតោត្រូវដឹង និងរៀន។
សិក្សាពីស្នៀតរង
ក្នុងរូបភាពនេះ កីឡាករលេខ(១) បង្ហាញពីស្នៀតរងមួយ ដែលហៅថា “បិទជង្គង់ (រងជំហខ្ពស់)” មកទប់ទល់ជាមួយការទាត់ចូលរបស់ដៃគូដែលជាកីឡាករលេខ(២) ចំឆ្អឹងជំនីពីចំហៀង ដែលតម្រង់មកផ្នែកកណ្តាលនៃដងខ្លួន។ ទម្រង់ប្រយុទ្ធនេះ រមែងកើតឡើងបាននៅពេលកីឡាករទាំងពីរ ឃុំ ឬឈរជំហខ្ពស់ដូចគ្នា។
សម្រាប់ការបិទ ឬរងដោយប្រើជង្គង់នេះ ត្រូវបានបែងចែកចេញជាពីររបៀប គឺការបិទស្រប និងបិទចំហៀង។ ក្នុងរូបភាពនេះ កីឡាកររបស់យើងបានបង្ហាញអំពីការបិទស្រប ហើយសម្រាប់ការប្រើប្រាស់របៀបបិទនេះវិញ អាស្រ័យលើទម្រង់ ទិសដៅ និងទីតាំងនៃការទាត់ចូលរបស់ដៃគូ។
ក្រៅពីប្រើជង្គង់ដើម្បីឃុំ ដៃរបស់គាត់ទាំង២ ក៏ត្រូវលើកឡើងខ្ពស់ ឃុំមុខជិតដើម្បីរារាំងការវាយចូលផ្នែកខាងមុខពីដៃគូផងដែរ។ ដើម្បីអនុវត្តស្នៀតនេះបាន ទាមទារឲ្យជំហនៃការឈររបស់អ្នកមានភាពរឹងមាំ ព្រមទាំងមានភាពរហ័សរហួន។
យោងតាមសៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន ក្នុងជំពូកទី ៣ ចាប់ពីទំព័រទី២៥ ដល់ទំព័រ៣៤ បានលើកឡើងថា នេះជាចលនាមួយដ៏សំខាន់ ក្នុងចំណោមចលនាមូលដ្ឋានទាំង៩ នៃការបិទ និងការពារដែលកីឡាករល្បុក្កតោទាំងអស់តម្រូវឲ្យសិក្សាអនុវត្ត។
ប្រភព៖ សៀវភៅ “គុនល្បុក្កតោថ្នាក់ក្រម៉ា “ស” ដោយលោកគ្រូ សាន គីមស៊ាន