មីជាតិ ចូលរួមបើកបវេសនកាលថ្មី ជាមួយគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដើម្បីចូលរួមអបអរសាទរដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការសិក្សាក្រោមទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមីជាតិ បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ជាមួយគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ។
កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមការចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុនមីជាតិ អាណាព្យាលបាលសិស្ស និងសិស្សានុសិស្សប្រមាណ ១៥០នាក់។ សម្ភារដែលបាននាំជូនសិស្សនុសិស្ស សាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន រួមមាន ថ្នាំពេទ្យ ម៉ាស អាកុល កាតាបស្ពាយ សៀវភៅ ខ្មៅដៃ សៀវភៅគំនូរ ដបទឹក សាប៊ូ ដបអាល់កុល ទឹកពិសាវីតាល់ និងមីជាតិ ជាច្រើនកេស។
លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (មីជាតិ) បានមានប្រសាសន៍ថា “ការនាំយកសម្ភារសិក្សា ក៏ដូចជាសម្ភារប្រើប្រាស់មកជូននាពេលនេះ គឺជាស្ថិតនៅក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ នៃបេសកកម្មរបស់ក្រុមហ៊ុនមីជាតិ ដែលតែងតែអនុវត្តជាប្រចាំដើម្បីផ្តល់ជាកិច្ចគាំពារទៅដល់សង្គម។ គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” មានទស្សនផ្តល់នូវគុណតម្លៃក្នុងការចូលរួមគាំទ្រដល់វិស័យអប់រំ ដោយស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៤ “ការអប់រំប្រកបដោយគុណភាព” តាមរយៈការផ្តល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្ស ដែលជួបការលំបាក និងជួយពួកគេកាត់បន្ថយការចំណាយលើការសិក្សាផងដែរ។ ក្នុងគោលបំណងសំខាន់មួយទៀត គឺការចូលរួមដោយផ្ទាល់ ឬ ប្រយោល ក្នងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាដោយសារបញ្ហាហិរញ្ញវត្ថុ និងបរិយាកាសនានាពិសេសនៅតាមតំបន់ជនបទ។”
ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការកោតសសើរនូវទឹកចិត្ត និងគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្តក្នុងការនាំយកនូវ អំណោយទាំងនេះ មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសវិលត្រលប់ចូលភូមិសិក្សាវិញ បន្ទាប់ពីឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សាកន្លងមកនេះ។ លោកបានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទះដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់ តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិ ស្ដីពីការអប់រំ។
គួរបញ្ចាក់ផងដែរថា គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” អាចកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយ ជនជាតិខ្មែរ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕