មីជាតិ ចូលរួមឧបត្ថម្ភធំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៧ នៅក្រុងសៀមរាប
ក្នុងទឹកចិត្តខ្មែរតែមួយរួមគ្នាអភិរក្សបរិស្ថាន និងជួយដល់កុមារកម្ពុជា ក្រុមហ៊ុន មីជាតិ បានចូលរួមឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៧” ដែលបានធ្វើនៅក្រុងសៀមរាប ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ រៀបចំឡើងដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ CFC និងមន្ទីរពេទ្យកុមារអង្គរ។
ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីសាធារណជន វិស័យឯកជន និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។ ទោះបីជាមានបញ្ហាកង្វះថវិកានៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរួញរាក្នុងការសង្រ្កោះអាយុជីវិតកុមារណាម្នាក់នោះឡើង។
លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនផលិត មីជាតិ បានមានប្រសាសន៍ថា “ផលិតផលមីជាតិ ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីជិះកង់នេះ។ ម៉្យាងទៀត នេះគឺជាឱកាសដ៏កម្រមួយរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គី រួបរួមគ្នា និងបង្ហាញក្តីស្រលាញ់ តាមរយៈការប្រមូលថវិកាដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា។
ដំណើរជិះកង់នេះ បានចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានា ប្រមាណ ៤០០ នាក់ ចេញពីផ្សាររាត្រីសៀមរាប អាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ ភ្នំក្រោមក្នុងចម្ងាយប្រមាណ ០៩ គីឡូម៉ែត្រ។ ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សសេដ្ឋកិច្ចជាតិ ៕