ដំណើរទស្សនកិច្ច ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីមកកាន់រោងចក្រមីជាតិ
(ភ្នំពេញ) ដើម្បីជំរុញលើកទឹកចិត្តដល់សហគ្រាសរោងចក្រ ដែលកំពុងប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ស្តង់ដាផលិតផល ហាឡាលកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំប្រតិភូចុះពិនិត្យ និងស្វែងយល់ពីដំណើរប្រតិបត្តិការ រោងចក្រ និងខ្សែសង្វាក់ផលិតកម្ម ផលិតផលមីជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នារោងចក្រមីជាតិ ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំប្រតិភូអន្តរក្រសួង ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរឥស្លាម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម និងប្រតិភូអមដំណើរជាច្រើននាក់ទៀត អញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីសង្វាក់ផលិតកម្ម មីជាតិ ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ស្តង់ដាផលិតផលហាឡាលកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ច ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះទំនើបកម្ម បច្ចេកវិទ្យា និងគុណភាព អនាម័យ របស់រោងចក្រមីជាតិ ដែលជាផលិតផលរបស់ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ផលិតផលហាឡាលមិនសំដៅសម្រាប់តែតម្រូវការចាំបាច់ របស់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ផលិតផលហាទ្បាល គឺមានវិសាលភាពទីផ្សារធំធេងណាស់ បើធៀបនឹងចំនួនប្រជាជនមុស្លីមលើសកលលោក ដែលមានអ្នកកាន់សាសនាឥស្លាមស្មើនឹង១ភាគ៣ឯណោះ។
មានប្រសាសន៌ ក្នុងដំណើរទស្សនកិច្ចស្វែងយល់ របស់គណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រង ក្រុមហ៊ុន វ៉នម៉រ មេនូហ្វេកឆឺរីង បានឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដាហាឡាល គឺពិតជាបានជំរុញទីផ្សារឱ្យផលិតផល មីជាតិ កាន់តែមានទំនុកចិត្តពីអតិថិជនបន្ថែមទៀតជាពិសេសក្នុងស្រទាប់បងប្អូនសាសនិកឥស្លាម។ លោកបន្តថា ទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់ខ្មែរឥស្លាមនាថ្ងៃនេះ គឺពិតជាសាក្ខីភាព មួយទៀត ដែលបញ្ជាក់ថាផលិតផល មីជាតិ គឺសុវត្ថិភាព និងមានស្តង់ដារគុណភាពគួរឱ្យទុកចិត្តពីអ្នកប្រើប្រាស់ ។ គួរបញ្ជាក់ផងដែរ ផលិតផលមីជាតិ រសជាតិស៊ុបមាន់ និងរសជាតិខគោ បានទទួលវិញ្ញាបនបត្របញ្ជាក់ស្តង់ដាផលិតផលហាឡាល (HALAL) កម្ពុជា តាំងពីដើមឆ្នាំ២០២០ ដោយមានការត្រួតពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ពីក្រុមឯកទេសនៃគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ ៕