មីជាតិប្រគល់សម្ភារកីឡាជូនសមាគមគុនល្បុក្កតោលោកតាដំបងដែកខេត្តកំពងឆ្នាំង
មីជាតិ បាននាំយកសម្ភារកីឡានិងស្បៀងអាហារជាច្រើន ប្រគល់ជូនសមាគមគុនល្បុក្កតោលោកតាដំបងដែក ដែលស្ថិតនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពងឆ្នាំង កាលពីថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
កម្មវិធីនេះ ត្រូវបានរៀបចំឡើយក្នុងគោលបំណង ចូលរួមគាំទ្រដល់វិស័យកីឡាជាពិសេសគុនល្បុក្តតោខ្មែរ ដែលជាក្បាច់គុនដ៏ចំណាស់មួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុន ការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែល ត្រូវបាន យកទៅប្រើប្រាស់ក្នុងសឹកសង្រ្គាម ឬក្នុងការការពារខ្លួន ដែលបច្ចុប្បន្ននេះគុនល្បុក្កតោ ក៏ត្រូវបានដាក់ បញ្ចូលជាផ្លូវការ ទៅក្នុងយុទ្ធសាស្រ្តការពារជាតិ នៃកងយោធពលខេមរភូមិន្ទផងដែរ។
លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច បានមានប្រសាសន៍ថា មីជាតិ តែងយកចិត្តទុកដាក់ទៅលើសកម្មភាពចូលរួមសង្គម វប្បធម៌ ការអប់រំនិងកីឡា ក្នុងគោលបំណងជួយសម្រួលដល់គោលដៅអភិវឌ្ឍន៍សង្គមជាតិ។ ការនាំយកសម្ភារកីឡា និងស្បៀងអាហារនេះ គឺសកម្មភាពផ្តួចផ្តើមក្នុងការលើកម្ពស់គាំទ្រសិល្បៈគុនល្បុក្កតោ និងដើម្បីជំរុញទឹកចិត្តដល់កូនខ្មែរ ក្នុងការហាត់រៀនគុនល្បុក្កតោ ដើម្បីរក្សានូវមរតកគុនដ៏អស្ចារ្យមួយនេះ។
បន្ថែមពីនេះ លោកព្រឹទ្ធាចារ្យ អំ យ៉ុម ប្រធានសមាគមគុនល្បុក្កតោលោកតាដំបងដែក បានមានប្រសាសន៍ថា សកម្មភាព នាថ្ងៃនេះជាកាយវិការដ៌ប្រពៃមួយទៀត ដែលមីជាតិ ក្នុងនាមវិស័យឯកជន បានចូលរួមចំណែក ដោយផ្ទាល់ក្នុងការជ្រោមជ្រែង និងផ្តល់លក្ខណៈអំណោយផល សម្រាប់ការហ្វឹកហាត់។ លោកព្រឹទ្ធាចារ្យ បានបន្ថែមថា យើងជាខ្មែរ សូមចូមរួមទាំងអស់គ្នាដើម្បីអាចឲ្យគុនល្បុក្កតោ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដាក់ចូលទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាពេលឆាប់ៗខាងមុខនេះ និងលើកតម្កើងវប្បធម៌ខ្មែរ ទៅកាន់ប្រទេសអន្តរជាតិឱ្យស្គាល់កាន់តែច្បាស់នូវគុណតម្លៃនៃវប្បធម៌ដ៌ពិសិដ្ឋមួយនេះ។
នៅស្មាតីចូលរួម លើកស្ទួយការចែករំលែក និងហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ដូច្នេះក្រុមហ៊ុនផលិតមីជាតិ បានរៀបចំនូវសម្ភារកីឡាមួយចំនួន និងស្បៀងអាហារសម្រាប់ជូនសមាគមដោយសង្ឃឹមថា នឹងអាចជួយសម្រួល ដល់ការហ្វឹកហាត់របស់សមាគមក្នុងគោលបំណងលើកម្ពស់សិល្បៈគុនល្បុក្កតោខ្មែរ។
សម្រាប់សម្ភារកីឡា និងអំណោយដែលបាននាំយកជូនសមាគមគុនល្បុក្កតោលោកតាដំបងដែករួមមាន របាំងហាត់ទាត់ ស្រោមដៃប្រដាល់ បាវខ្សាច់ កម្រាល់ហាត់ មីជាតិ ទឹកពិសាវីតាល់ និងថវិការមួយចំនួនផងដែរ៕