មីជាតិនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តព្រែកអំពិល ខេត្តកំពត
មីជាតិ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រែកអំពិល ដែលស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ ។
កម្មវិធីនេះ ធ្វើឡើងស្របតាមការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា ដែលប្រជាជនខ្មែរ និយមយកនូវវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដក ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ និងអាហារផ្សេងៗទៀតតាមលទ្ធភាព ដើម្បីប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវស្សានរដូវ។ ពាក្យថា វស្សាមកអំពីពាក្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ ពីថ្ងៃ១រោច ខែអាសាធ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯងហៅថាវស្សានរដូវ។
លោក ហុង សុវណ្ណ តំណាងផ្នែកទីផ្សារ បានមានប្រសាសន៍ថា មីជាតិ តែងយកចិត្តទុកដាក់ទៅលើសកម្មភាព ចូលរួមសង្គម សាសនា និងវប្បធម៌ ក្នុងគោលបំណងជួយសម្រួលទៅដល់គោលដៅអភិវឌ្ឍន៍សង្គមជាតិ។ ជាពិសេសអំឡុងពេលការរីករាលដាលនៃកូវីដ១៩ ប្រជាជនភាគច្រើនបានអនុវត្តវិធានសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងនៃជំងឺកូវីដ១៩ ដែលជាកត្តានាំឲ្យទីវត្តអារាមមួយចំនួនមានការខ្វះខាត។ ហេតុដូចនេះទើប
ក្រុមហ៊ុនមីជាតិបានរៀបចំនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ដើម្បីវេរប្រគេនព្រះសង្ឃក្នុង គោលបំណងចូលរួមសម្រួលដល់ស្ថានការណ៍លំបាករបស់វត្ត ។
សម្រាប់គ្រឿងរណ្តាប់ដែលបាននាំយកប្រគេនព្រះសង្ឃរួមមាន១៧មុខ ដូចជាទានព្រះវស្សា ស្លាដក អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកវីតាល់ តែ កាហ្វេ ស្ករស អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកាត អាកុល ម៉ាស់ ឆៃប៉ូវ និងថ្នាំសង្កូវជាច្រើនមុខ។ ពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១នេះ ក្នុងកាលកំណត់រយៈពេល ៤ខែ គឺរាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក ជាអំឡុងពេលនៃរដូវធ្លាក់ភ្លៀង ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សាក្នុងទីអារាមតាមកាលកំណត់៕