មីជាតិ និងវីតាល់ចែកម៉ាស់ និងឱសថជូនបុគ្គលិក និងបងប្អូនកម្មករកម្មការនី
ដើម្បីសម្រួលទៅដល់ការអនុវត្តវិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងធានាដល់សុវត្ថិភាព ក៏ដូចជាសុខមាលភាពរបស់បុគ្គលិក និងបងប្អូនកម្មករកម្មការនី ក្រុមហ៊ុនមីជាតិ និងវីតាល់ បានរៀបចំចែកម៉ាស់ និងឱសថជូនបុគ្គលិក និងបងប្អូនកម្មករកម្មការនី ក្រុមហ៊ុនមីជាតិ និងវីតាល់កាលពីថ្ងៃទី១០ – ១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាលើដំបូង ក្រុមហ៊ុនទាំងពីរ បានយកចិត្តដាក់លើការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយបុគ្គលិក និងបងប្អូនកម្មករកម្មការនី ដែលក្នុងនោះក្រុមហ៊ុនបានធ្វើការអនុវត្តលើការពាក់ម៉ាស់ ការលាងដៃនឹងអាកុល ការរក្សាគម្លាត និងវិធានការផ្សេងទៀតដែលចូលរួមទប់ស្កាត់ដល់ការរីករាលដាលជំងឺកូវីដ-១៩។
ការចែកជូននូវម៉ាស់ និងឱសថជូនបុគ្គលិក និងបងប្អូនកម្មករកម្មការនីនេះ គឺជាទឹកចិត្តបន្តិចបន្តួចដែលក្រុមហ៊ុនអាចតបស្នងទៅដល់បុគ្គលិក និងបងប្អូនកម្មករកម្មការនី ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងជាស្នូលដ៏សំខាន់ក្នុងការធ្វើឲ្យក្រុមហ៊ុនមានដំណើរការបាន ជាពិសេសនៅក្នុងស្ថានការណ៍លំបាកនេះ។
ក្នុងការចែកជូននេះ បុគ្គលិក និងបងប្អូនកម្មករកម្មការនីម្នាក់ៗ ទទួលបាននូវម៉ាស់១ប្រអប់ និងឱសថមួយចំនួនដូចជា ថ្នាំក្តៅខ្លួន ថ្នាំក្អក ថ្នាំផ្តាសាយ វីតាមីនស៊ី និងវីតាមីនចម្រុះ។ ឱសថដែលបានផ្តល់ជូននេះ ត្រូវបានរៀបចំឡើងដោយស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការប្រើប្រាស់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
កន្លងទៅ ជាផ្នែកមួយក្នុងការយកចិត្តទុកដាក់ដល់សុវត្តិភាព និងសុខមាលភាពរបស់បុគ្គលិក និងបងប្អូនកម្មករកម្មការនី ក្រុមហ៊ុនទាំងពីរ ក៏បានរៀបចំធ្វើការចាក់វ៉ាក់សាំងស៊ីនណូវ៉ាក់ដល់បងប្អូនបុគ្គលិក និងដៃគូអាជីវកម្មប្រមាណ២០០០នាក់ នៅក្នុងមណ្ឌលរោងចក្រមីជាតិ ក្នុងខែមេសា ឆ្នាំ២០២១ កន្លងមក។