ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ចុះចែកសម្ភារៈចាំបាច់ជូនកងកម្លាំងឈរជើងនៅទីតាំងត្រួតពិនិត្យ
ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ បានចុះចែកសម្ភារៈចាំបាច់ដូចជា មីជាតិ ទឹកពិសាវីតាល់ ម៉ាស់ អាកុល ឆ័ត្រ និងចំណីអាហារជូនទៅដល់កងកម្លាំងឈរជើងនៅទីតាំងត្រួតពិនិត្យតំបន់បិទខ្ទប់ច្រើនជាង២០០កន្លែង នៅក្នុងភូមិសាស្រ្តរាធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងគោលបំណងចូលរួមសម្រួលទៅដល់ការអនុវត្តភារកិច្ចក្នុងការត្រួតពិនិត្យតំបន់បិទខ្ទប់នីមួយៗ។
ក្រុមហ៊ុនមីជាតិបានឲ្យដឹងថា ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ កងកម្លាំងត្រួតពិនិត្យតំបន់បិទខ្ទប់នីមួយៗ ពិតជាបានធ្វើការលះបង់ជាច្រើនរួមទាំងពេលវេលា កម្លាំងកាយ និងស្មារតីដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះ នេះ ជាការតបស្នង ដែលយើងអាចចូលរួមចំណែកសម្រួលជូនពួកគាត់វិញ។
យុទ្ធនាការចុះចែកអំណោយនេះ គឺជាស្មារតីខ្មែរដើម្បីខ្មែរ ធ្វើឡើងដើម្បីតបស្នងទៅដល់ការលះបង់របស់កងកម្លាំងរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់។ នេះគឺជាស្មារតីដែលយើងទាំងអស់គ្នាអាចរួមគ្នាធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំង និងក្រុមការងារពាក់ព័ន្ធក្នុងការរក្សាសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
ក្នងឱកាសនេះ ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ ក៏សូមលើកទឹកចិត្តទៅដល់ក្រុមហ៊ុនឯកជន និងបងប្អូនសប្បុរជនដទៃទៀតរួមគ្នាបន្តគាំទ្រ និងជ្រោមជ្រែកទៅដល់កងកម្លាំង ក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្វះខាតដទៃទៀត។ ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ នឹងបន្តចុះចែកសម្ភារៈចាំបាច់ និងស្បៀងអាហារជូនដល់ក្រុមគោលដៅជាច្រើនកន្លែងទៀត។
ការចុះចែកនេះ ត្រូវបានធ្វើឡើងច្រើនជាង២០០កន្លែងនៅក្នុងភូមិសាស្រ្តរាធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកន្លែងនីមួយៗត្រូវចុះចែកចំនួនពីរដង។ ការចុះលើកទី១ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២១ និង២២ ខែមេសាឆ្នាំ២០២១ និងលើកទី២ ធ្វើឡើងពីថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០២១៕