មីជាតិ ពាំនាំសម្ភារៈបច្ចេកទេស និងស្បៀងអាហារ ជូនកងកម្លាំងសង្គ្រោះទឹកជំនន់
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានពាំនាំនូវសម្ភារៈសង្គ្រោះ ថ្នាំសង្កូវ សម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ជូនដល់កងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) មានប្រសាសន៍ថា៖ «ដោយមើលឃើញពីតម្រូវការចាំបាច់របស់កងកម្លាំងសង្គ្រោះ មីជាតិ បានរៀបចំបន្ទាន់ នូវសម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ដើម្បីចូលរួមសម្រួលដល់ប្រតិបត្តិការសង្គ្រោះរបស់កងកម្លាំង ក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងដ៏រហ័សនាពេលបច្ចុប្បន្ននេះ»។ លោកបានបន្ដថា «អំណោយទាំងនេះ គឺកើតចេញពីមូលនិធីមីជាតិ ដែលទទួលបានពីការគាំទ្រពីអតិថិជន និងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រុមហ៊ុនបានដកយកថវិកាមួយផ្នែកដែលបានពីការលក់មីជាតិ ដើម្បីចូលរួមក្នុងសង្គមក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ»។
សកម្មភាពថ្ងៃនេះ មិនមែនជាលើកទី១ទេដែលមីជាតិបានចូលរួមក្នុងសកម្មភាពសង្គម តួយ៉ាង មីជាតិក៏ធ្លាប់បានរៀបចំសកម្មភាពជាច្រើនកន្លងមក ដូចជាការផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រក្នុងរាជធានី ខេត្ត និងការឧបត្ថម្ភបរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានាផងដែរ ។
ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការអង្គភាពសង្គ្រោះ៧១១ ដែលកំពុងមានវត្តមាននៅកន្លែងសង្គ្រោះមានប្រសាសន៍ថា៖ «ការផ្តល់ជូនសម្ភារៈបច្ចេកទេស ទូកសង្គ្រោះ គ្រឿងឧបភោគ បរិភោគរបស់ ក្រុមហ៊ុនមីជាតិ គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការចំពោះមុខរបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឧបត្ថម្ភជាសម្ភារៈចំបាច់សម្រាប់ក្រុមប្រតិបត្តិការសង្គ្រោះ រួមមាន ទូក អាវភ្លៀង អង្រឹង ពិល ថ្នាំសង្កូវរាប់រយបន្ទះ មីជាតិ ទឹកពិសាវីតាល់ និងគ្រឿងឧបភោគ បរិភោគជាច្រើនកញ្ចប់ ជូនដល់កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មីជាតិ ជឿជាក់ថា សកម្មភាពសប្បុរសធម៌នេះ នឹងបានរួមចំណែកសម្រាលការលំបាករបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ៕