បុគ្គលិកមីជាតិចូលរួមវគ្គបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ
បុគ្គលិកមីជាតិ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការណែនាំអំពីភាពជាអ្នកដឹកនាំ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី កាលពីថ្ងៃទី២៧ និង២៨ ខែសីហា កន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចូលរួមដោយបុគ្គលិកគ្រប់គ្រងថ្នាក់កណ្តាលប្រមាណ២៥នាក់ មកពីក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន វ័ន ម៉រ លីមីតធីត ដូចជា ក្រុមហ៊ុន អិន.វី.ស៊ី ខបភើរេសិន ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី និងភោជនីយដ្ឋាន វ័ន ម៉រ។
ជាកិច្ចចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន វ័ន ម៉រ លីមីតធីត បានធ្វើការណែនាំថា ការដឹកនាំជាចំណុចស្នូលនៃការរីកចម្រើន។ អ្នកណាៗក៏អាចក្លាយជាអ្នកដឹកនាំបានដែរ វាអាស្រ័យលើការយល់ដឹង ការដោះស្រាយបញ្ហា និងការកំណត់ដោលដៅរបស់ខ្លួន។
ដើម្បីក្លាយជាអ្នកដឹកនាំ បុគ្គលម្នាក់ៗ ត្រូវចេះរកនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ហើយត្រូវពង្រឹងចំណុចខ្លាំងបន្ថែម និងកែសម្រួលចំណុចខ្សោយឲ្យក្លាយទៅជាចំណុចខ្លាំងវិញ។ ជាពិសេស ត្រូវកំណត់ជនគំរូរបស់ខ្លួនឲ្យបានច្បាស់។ ការកើតមកក្រ មិនមែនជាកំហុសរបស់ឪពុកម្តាយនោះទេ តែវាអាស្រ័យលើខ្លួនឯងជាអ្នកកំណត់នូវគោលដៅរបស់ខ្លួនឯង។ នេះ ជាអនុសាសន៍របស់លោក ឡាវ វ៉ាន់ ទៅដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល។
លោក ឡាវ វ៉ាន់ បានជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលិកក្រុមហ៊ុនឲ្យដឹងកាន់តែមានប្រសិទ្ធិភាពអំពីភាពជាអ្នកដឹកនាំ និងអាចយកមកប្រើក្នុងកិច្ចការប្រចាំថ្ងៃ។
ក្នុងនាមជាវាគ្មិននៃវគ្គបណ្តុះបណ្តាល លោក តិច មិញ ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានផ្តល់ជាអនុសាសន៍ថា ក្នុងបទពិសោធរបស់លោក ការខិតខំប្រឹងប្រែងលើការងារ ការជឿជាក់ដោយកំណត់លើការរីកចម្រើននៃស្ថាប័ន ការបង្កើតចំណូលដល់ក្រុមហ៊ុន ការកំណត់គោលដៅច្បាស់លាស់ និង មានសេចក្តីអត់ធ្មត់ ជាចំណុចដែលអ្នកដឹកនាំម្នាក់គួរមាន។
លើសពីនេះទៀត លោក តិច មិញ ក៏បានបន្ថែមថា អ្នកដឹកនាំពូកែម្នាក់ ក៏គួរត្រូវចេះអង្កេតដោយរៀនពីខ្លួនឯង និងរៀនពីអ្នកដទៃ ដើម្បីឲ្យខ្លួនឯងកាន់តែមានភាពជឿជាក់លើការដឹកនាំ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃពេញ ដែលបានផ្តោតលើខ្លឹមសារសំខាន់ច្រើនដូចជា និយមន័យនៃភាពជាអ្នកដឹកនាំ គុណតម្លៃនៃអ្នកដឹកនាំ ការដឹកនាំខ្លួនឯង ការដឹកនាំអ្នកដទៃ ការពិភាក្សា និងចំណុចសំខាន់ផ្សេងៗជាច្រើនទៀត៕