មីជាតិ ពាំនាំអំណោយសប្បុរសធម៌ជូនសមាគមជនពិការ
មីជាតិ បានពាំនាំអំណោយសប្បុរសធម៌ ចែកជូនសមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកភាគច្រើនជាជនពិការភ្នែកចំនួន៦០នាក់ ដែលកំពុងស្នាក់នៅក្នុងសមាគម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដោះស្រាយជីវភាព និងការពារខ្លួនពីវីរុសកូវីដ១៩។ អំណោយសប្បុរសធម៌ ដែលមីជាតិនាំមក រួមមាន មីជាតិ ទឹកពិសារវីតាល់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកអាល់កុល និងម៉ាស់។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ការនាំយកអំណោយមកជូននៅថ្ងៃនេះ គឺជាទឹកចិត្តមួយចំនួនរបស់ក្រុមហ៊ុន ដោយយើងខ្ញុំ បានអង្កេតឃើញការលំបាករបស់បងប្អូនជនពិការអំឡុងពេលរីករាលដាលនៃវីរុសកូវីដ១៩។ យើងដឹងថា កន្លងមក បងប្អូនអាចរកចំណូលបានតាមរយៈការប្រគុំតន្ត្រី និងការម៉ាស្សាជាដើម តែអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ១៩នេះ វាបានប៉ះពាល់ដល់របបរទាំងនេះជាខ្លាំង ហើយប៉ះពាល់ដល់ប្រភពចំណូលប្រចាំថ្ងៃទៀតផង។»
លោកជំទាវ ក៏បានបំពាវនាវឲ្យបងប្អូនជនពិការ ប្រកាន់ភ្ជាប់នូវការថែរក្សាអនាម័យ ដោយរក្សាគម្លាត លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាសឲ្យបានត្រឹមត្រូវផងដែរ ដើម្បីការពារខ្លូនពីការឆ្លងវីរុស កូវីដ១៩។
លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការបានឲ្យដឹងថា «ជំនួយពីក្រុមហ៊ុនមីជាតិនេះ ពិតជាមកចំពេល ដែលសមាគមកំពុងត្រូវការ ខណៈបងប្អូនជនពិការ ដែលជាសមាជិកជាច្រើនកំពុងជួបការលំបាក។»
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនខ្មែរ ដែលតែងចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើន ដូចជាបានផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រ និងកុមារកំព្រាក្នុងរាជធានីភ្នំពេញ និងខេត្ត បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម។
មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មីជាតិ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់។